ព័ត៌មានជាតិ

សមត្ថកិច្ចរាជធានីភ្នំពេញ ឆ្មក់ បុកចូលបង្ក្រាបក្លឹបGT ឃាត់ខ្លួនមនុស្ស១៥៨នាក់ឯណោះ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន!

10-Aug-2024 301 views

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលមានយីហោ GT កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២៤នេះ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង បន្ទាប់ពីទទួលបានបទបញ្ជារដ៏ខ្ពង់ខ្ពស់ពី នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យ​ស្នងការរងរាជធានីខេត្ត ប្រើប្រាស់កណ្តាប់ដៃដែក ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ ពិសេសនៅតាមក្លឹបកម្សាន្ត។ គ្រាន់ទទួលបានបទបញ្ជានេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យ សហការជាមួយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆ្មក់បង្ក្រាបទីតាំងក្លឹប GT ខាងលើ ។

ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះដែរ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១៥៨នាក់​ ក្នុងនោះមានស្រី៨៣នាក់ រួមមានទាំងជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី​ ចំណែកឯវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងជំនាញរឹបអូស ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS