ព័ត៌មានជាតិ

សាហាវមែនភ្លើងប្រច័ណ្ឌ យកខ្នើយនិងខ្សែភ្លើង រឹត.កបម្រុងសម្លាប់ខាងស្រីនៅក្នុងបន្ទប់ជួល រហូតសន្លប់ចេញឈាមតាមច្រមុះ សំណាងសមត្ថកិច្ចបុកចូលមកចាប់ទាន់ !

06-Aug-2024 310 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩និង១៥នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស០១ករណី នៅចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឡើងដោយ៖

ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ធ្វើតេស្តសារធាតុញៀន វិជ្ជមាន(+) ឈ្លោះប្រកែកគ្នាពាក្យសំដីជាមួយឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ពេលនោះ ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ បានធ្វើសកម្មភាពយកខែ្សភ្លើងរឹត.កបម្រុងសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួល បណ្តាលអោយសន្លប់និងមានចេញឈាមតាមច្រមុះ។

ក្រោយពីទទួលបាន ព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ចេញបទបញ្ជាអោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ចុះទៅទីតាំងកន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ រីឯជនរងគ្រោះឈ្មោះ ម៉េត ស្រីលីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្នុងនោះ វត្ថុតាងដែលធ្វើសកម្មភាព៖

១-ខ្សែភ្លើងពណ៌ខ្មៅប្រវែង ១,២៣ ម៉ែត្រ ។

២-ខ្នើយកើយពណ៌ក្រហមចំនួន ០១ បណ្តោយ ប្រវែង ០,៤៩ ម ទទឹង ប្រហែល ០,៣៥ ម ។

៣-ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក VIVO ពណ៌ខៀវ ។

សូមបញ្ជាក់ ករណីហិង្សាខាងលើនេះដោយសារការប្រច័ណ្ឌ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនិតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS