រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវបង្ក្រាបករណី លួចរថយន្ត និងទទួលផលនៃអំពើលួច ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០២ និង ១៨នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (លួចរថយន្ត) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយករថយន្ត ០១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាកផ្លាកលេខ ភ្នំពេញ 2E-1893 ដែលជនរងគ្រោះឈ្មោះ ស្រេង អ៊ី ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ចតទុកនៅមុខផ្ទះ រួចជិះគេចខ្លួនបាត់ ។
ក្រោយមក ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាជនដៃដល់ នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបន្តចាប់ឃាត់ខ្លួនបានអ្នកទទួលផលនៃអំពើលួចរថយន្តនេះ បានចំនួន ០៣នាក់ បន្ថែមទៀត នៅចំណុច ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដកហូតបានសម្ភារៈ វត្ថុតាងរថយន្ត ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រេង អ៊ី ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖
-រថយន្ត ០១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2E-1893
-ឯកសាររថយន្តមួយចំនួន ។
ចំណែកជនសង្ស័យទាំង ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ង្វៀង យ៉ាំងវី ហៅ សុខ ដាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ជិតផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជនដៃដល់)
២-ឈ្មោះ ង្វៀង យ៉ាំងតាំ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងដែក មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ (សហចារីដឹកទម្លាក់)
៣-ឈ្មោះ ង្វៀង យ៉ាំងឡេវ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងដែក មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ (អ្នកទទួលផល)
៤-ឈ្មោះ ប៉ាង យ៉ាំងធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញលក់អេតចាយ មានទីលំនៅ ផ្ទះលេខ១៧អា ផ្លូវនិរោធទឹកស្អាត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ (អ្នកទទួលផល)
៥-ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួលមេក្រូម៉ាស៊ីនភ្លើង មានទីលំនៅ ផ្ទះលេខ១២៤ ផ្លូវកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ (អ្នកទទួលផល)
ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន៖
-រថយន្ត ០១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2E-1893 (ផលនៃបទល្មើស)
-ម៉ូតូ ០១គ្រឿង ម៉ាក ម៉ីអូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1M-0362 (មធ្យោបាយជិះធ្វើសកម្មភាព)
-សម្ភារៈមួយចំនួន ។
បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS