ព័ត៌មានជាតិ

រន្ធត់ណាស់! មកពី​ដង្ហែ​ទៀន​ព្រះ​វស្សាវិញ រថយន្តដាច់ហ្វ្រាំងរេចង្កូតធ្លាក់ផ្លូវក្រឡាប់លើភ្នំដងរែក ស្លាប់ម្នាក់ ២៨នាក់ទៀតរបួសធ្ងន់ស្រាល

05-Aug-2024 211 views

ខេត្តឧត្តរមានជ័យ ៖ ពិតជារន្ធត់ណាស់ រថយន្តមួយគ្រឿង ដែលមក​ពី​ខេត្ត​សៀមរាប បាន​ដង្ហែ​ទៀន​ព្រះ​វស្សា ទៅ​កាន់​វត្ត​លោកតា​សួង ក្នុង​ទឹកដី​ថៃ ហើយត្រឡប់មកវិញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដាច់ហ្វ្រាំងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់ និងចំនួន ២៨នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើភ្នំដងរែក ចន្លោះគីឡូម៉ែត្រ លេខ ១៣២-១៣៣ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលជួបគ្រោះថ្នាក់នេះ ជាប្រភេទរថយន្តដឹកអ្នកដំណើរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស+លឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0757 បើកបរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រថយន្តនេះបានដាច់ហ្វ្រាំងរេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ព្រុំ សាមី អាយុ ៦២ឆ្នាំ ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ និង២៨នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងនោះមានស្រីចំនួន ២៣នាក់ ។

ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដោះស្រាយតាមនីតិវិធី ខណៈអ្នកបើករថយន្តក៏ត្រូវបានឃាត់ខ្លួនផងដែរ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS