ព័ត៌មានជាតិ

ក្រុមចោរ យកកាំបិតផ្គាក់ ដេញស្ទាក់កាប់ប្លន់យកម៉ូតូយ៉ាងសកម្ម ចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ បុកចូលបង្ក្រាប

27-Jul-2024 322 views

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ បង្ក្រាបបាន ជនសង្ស័យ២នាក់ ជាក្រុមចោរ យកកាំបិតផ្គាក់ កាប់ប្លន់យកម៉ូតូ ពីបងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៤ និង ៣០នាទី ទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពេលធ្វើសកម្មភាព ជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ឌូក ពណ៌ស មិនចាំផ្លាកលេខ បើកកៀរម៉ូតូជនរងគ្រោះ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JY-7164 ដែលកំពុងជិះគ្នា ០២នាក់ ឲ្យអែបកៀន រួចធ្វើសកម្មភាពដោយប្រើកាំបិតផ្គាក់ ០១ដើម គំរាមកំហែងយាររកកាប់ទៅលើជនរងគ្រោះ ព្រមទាំងស្រែកសម្លុត ធ្វើឲ្យជនរងគ្រោះមានការភិតភ័យ រួចក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យទាំង ០២នាក់ ក៏បានយកម៉ូតូរបស់ជនរងគ្រោះតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដកហូតបានម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន ស៊ីមេង ភេទប្រុស អាយុ ១៩ឆ្នាំមុខរបរ សន្តិសុខ មានទីលំនៅ ភូមិសង្ខា ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ ។សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JY-7164 ។

ចំណែកជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ រ៉ា ស៊ីណា ហៅ រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ញ៉ក់ បញ្ញា ហៅ រ៉ាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានដឹកដី មានទីលំនៅ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន៖

-ម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម (ពាក់ផ្លាកលេខក្លែងបន្លំ ភ្នំពេញ 1HH-1837) ជាផលនៃបទល្មើស

- សោច្នៃសម្រាប់កាច់បំបែកសោ ក ម៉ូតូ ០១ដើម

-សម្ភារមួយចំនួន ។

បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិ និងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS