ព័ត៌មានជាតិ

ប្តីស្លាប់ ប្រពន្ធកំពុងសង្គ្រោះ ក្រោយហូបសម្លរស្ងោរផ្សិតជាមួយសត្វគីង្គក់ !!!

25-Jul-2024 332 views

ខេត្តរតនគិរី៖ យោងតាមផេកផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី​ បានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធសង្ស័យពុលផ្សិត បន្ទាប់ពីទទួលទានសម្លរស្ងោរផ្សិតជាមួយសត្វគីង្គក់ ដោយប្តីស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរី អោយដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា នៅម៉ោងប្រមាណ២៣.៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានករណីសង្ស័យជំងឺពុលផ្សិត ២នាក់ប្តីប្រពន្ធ បន្ទាប់ពីទទួលទានសម្លរស្ងោរផ្សិតជាមួយសត្វគីង្គក់ ពេលល្ងាចវេលាម៉ោងប្រហែង០៦ ។

បន្ទាប់មកប្រហែលម៉ោង០៨មានអាការៈ ឈឺពោះ វិលលមុខ ឈឺក្បាល ក្អួត ចុកពោះ រហូតដល់ម៉ោងប្រហែល២៣.៣០នាទី បានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរួចក៏បាត់បង់ជីវិតប្តី នៅវេលាម៉ោង០៣.៣៤នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ហើយជនរងគ្រោះជាប្តីដែលស្លាប់មានឈ្មោះ ប្រង កេះ ភេទប្រុស អាយុ៣០ឆ្នាំ ។ អ្នកជំងឺមកពីភូមិរ៉ក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

បន្ទាប់ពីទទួលព័ត៌មានមន្ទីរសុខាភិបាលបានរៀបចំក្រុមការងារ ដឹកនាំដោយលោក ជា និត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីចុះសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពវ៉ើនសៃ បានចុះធ្វើការអង្កេតសា្រវជ្រាវករណីនេះដល់កភូមិកើតហេតុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការអប់សុខភាពបឋម ផងដែរ។

សូមបញ្ជាក់ផងដែរថា ករណីពុលផ្សិតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះប្រជាពលរដ្ឋ នៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន១៧នាក់ ក៏បានពុលផ្សិតម្យ៉ាងបន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងមកធ្វើម្ហូបទទួលទាន តែមិនបណ្តាលអោយស្លាប់នោះទេ បន្ទាប់ពីដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។ បន្ទាប់មកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីបង្ការ បញ្ហាសុខភាពបណ្តាលមកពីបរិភោគផ្សិតពុល នេះផងដែរ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS