ព័ត៌មានជាតិ

នគរបាល​ប្រឆាំ​ងបទល្មើសសេដ្ឋកិច្ច​ ចុះបង្រ្កាប​ទី​តាំង​ស្ដុកទុក-លក់ប្រេងម៉ាស៊ីនក្លែងក្លាយប្រេង NOVA-2T​ ​មួយកន្លែង ដកហូតបានវត្ថុតាងជាច្រើន!

25-Jul-2024 319 views

ខេត្តកំពង់ស្ពឺ​ ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្ដមសេ​នីយ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការរង​ ទទួល​ផែនការ​ងារ​ប្រឆាំ​ង​បទល្មើស​ បានចូលរួម​ក្នុងប្រតិបត្តិការ​បង្រ្កាប​ទីតាំង​ លួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយមួយកន្លែង​ ដេប៉ូយី​ហោ ហេង សុខជា ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនក្រុមហ៊ុន P.​K.I និងក្រុមហ៊ុន Siam Kubota Corpo​ration​ ។

កិច្ច​ប្រតិបត្តិការ​បានការដឹកនាំ​សម្របសម្រួល​នីតិវិធី​ ពីលោក​ រ៉ែន នរិទ្ធ ព្រះរាជអាជ្ញា​រង​ នៃអយ្យការអមសា​លាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយក​ដ្ឋាន​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល​ផលិត​ ។

ក្នុងពេលចុះឆែកឆេរ​ សមត្ថកិច្ច​រកឃើញ​ប្រេងម៉ាស៊ីន​ មិនប្រក្រតី​ និងសម្រេចរឹបអូស​ដកហូត​ ជាបណ្ដោះ​អាសន្ន​ រួមមាន​ ៖

-ប្រេងរំអិលម៉ាក NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប N​OVA 2T ចំនួន ១,២៦២ កំប៉ុង)។

-ប្រេងរំអិលម៉ាក TRA CHANG (3L) ចំនួន ២៨០​៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេង​រំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុ​ង )។

ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល៣ម៉ោង​ សម្រេចបញ្ជូ​នសម្ភារៈទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ន​និងដំណើ​រការនីតិវិធីលើម្ចាស់ទីតាំង​ឈ្មោះ ហេង សុខជា​ សា​កសួរ​តាម​នីតិវិធី​ច្បាប់​ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS