រាជធានីភ្នំពេញ ៖ ភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងព្រឹកព្រលឹម ខណៈរថយន្តសណ្តោងកន្ទុយរម៉កមួយគ្រឿង បើកលឿន បុកខឿនសួនច្បារចែកទ្រូងផ្លូវ រំលងមកបុកម៉ូតូនៅផ្លូវម្ខាងទៀត ផ្លោងទាំងរថយន្តនិងម៉ូតូធ្លាក់ចូលទឹកស្រែ ទាំង២គ្រឿង និងបណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់ រងរបួសធ្ងន់ ម្នាក់បាក់ជើងឆ្វេង ម្នាក់ទៀតរយះភ្លៅម្ខាង ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យជាតិ តេជោសន្តិភាព ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងរម៉កមួយគ្រឿង ក្បាលពណ៌ខៀវ លាយបៃតង ភ្នំពេញ 3A-1949 បើកបរក្នុងទិសដៅពីត្បូងមកជើង ដោយល្បឿនលឿន តាមបណ្តោយផ្លូវខាងលើ មកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែរេចង្កូតមកបុកខឿនសួនច្បារចែកទ្រូងផ្លូវ រំលងមកបុកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ មួយគ្រឿងទៀត ដែលកំពុងជិះនៅផ្លូវម្ខាងទៀត ផ្លោងទាំងរថយន្តនិងម៉ូតូធ្លាក់ចូលទឹកស្រែ ទាំង២គ្រឿង និងបណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់ រងរបួសធ្ងន់ ម្នាក់បាក់ជើងឆ្វេង ម្នាក់ទៀតរយះភ្លៅម្ខាង ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យជាតិ តេជោសន្តិភាព អ្វីដែលមហាជនលោកហួសចិត្តនោះ គ្រាន់តែជាករណីគ្រោះថ្នាក់ចរាចរណ៍សោះ មានមន្ត្រីចរាចរណ៍ខណ្ឌម្នាក់ បានមកហាមអ្នកកាសែត មិនឲ្យថតរូបភាពផ្សាយនៅទីសាធារណៈទៅវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តតាមច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS