ខេត្តកំពង់ចាម ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពទឹកហូរខ្លាំងនៅចំណុចទំនប់បង្ហៀរស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ។
ចូលមកដល់រដូវវស្សានេះ ស្ថានភាពទឹកភ្លៀងធ្លាក់មានបរិមាណច្រើន នាំឲ្យកើនឡើងនូវបរិមាណ ទឹកហូរចេញចូលអាងស្ទឹងឆ្វេង ដោយហូរកាត់ភូមិសាស្ត្រស្រុកចំនួន៣ គឺស្រុកជើងព្រៃ ស្រុកបាធាយ និង ស្រុកកងមាស។ បរិមាណទឹកភ្លៀងដ៏ច្រើននេះ ក៏បានបង្កើតឲ្យមានចរន្តទឹកហូរខ្លាំង នៅចំណុចទំនប់បង្ហោះរ ស្ទឹងឆ្វេង ព្រំប្រទល់រវាងឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ជាទីដែលមាន ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាប្រចាំ។
ស្ថិតក្នុងស្ថានភាពនេះ និងដោយទទួលបានការគិតគូរពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការ ណែនាំ និងដាក់ចេញជាវិធានការ ដូចខាងក្រោម ៖
១-ផ្អាកការធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើង ឬជិះម៉ូតូ ឬជិះរថយន្ត កាត់ទំនប់បង្អោរនេះ ជា បណ្តោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ព្រោះចរន្តទឹកកំពុងហូរខ្លាំង។
២-ជាដំណោះស្រាយចំពោះមុខ រដ្ឋបាលខេត្តកំពង់ចាម សូមណែនាំឲ្យរដ្ឋបាលស្រុក កងមាស និងស្រុកបាធាយ រៀបចំទូកចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឆ្លងកាត់ដោយមិនគិតថ្លៃ។ ៣-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននិងកំពុងពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញគម្រោងសាងសង់ស្ពានឆ្លងកាត់ ចំណុចទំនប់បង្ហោះរនេះឡើងវិញ ត្បិតវាជាគម្រោងចាស់ត្រូវបានផ្អាកក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងមក។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវប្រជាពលរដ្ឋ សិស្សានុសិស្សដែលរស់នៅ និងអាស្រ័យ ការធ្វើដំណើរឆ្លងកាត់ចំណុចទំនប់បង្អោរស្ទឹងឆ្វេងនេះ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្ត តាមការណែនាំទាំងអស់គ្នា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន ពិសេសប្រជា ពលរដ្ឋ និងសិស្សានុសិស្សដែលរស់នៅ និងអាស្រ័យការធ្វើដំណើរឆ្លងកាត់ទំនប់បង្ហោះរនេះ មេត្តាជ្រាប ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS