រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង២ និង ៤៥នាទី រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ចំណុចភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថុល ស៊ីណាត ហៅសាកាកែវ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ ភ្នាក់ងារកត់ឆ្នោត មានទីលំនៅសព្វថ្ងៃភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖ សៀវភៅសម្រាប់កត់លេខឆ្នោត ចំនួន ០១ក្បាល,ក្រដាសសម្រាប់កត់លេខឆ្នោតមួយចំនួន,ប៊ិចខៀវចំនួន ០១ដើម,ប្រាក់ចំនួន ១១៥០០០៛(ដប់មួយម៉ឺនប្រាំពាន់រៀល) និងទូរស័ព្ទម៉ាក OPPO ពណ៌ស ចំនួន ០២គ្រឿង។
មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងជំនាញបានទទួលព័ត៌មានថា៖ មានគេលេងល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម នៅចំណុចកើតហេតុខាងលើ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដល់វេលាម៉ោង១៤:៤៥នាទី កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅបង្ក្រាប ឃាត់ខ្លួន បានអ្នកកត់ឆ្នោតវៀតណាម បានម្នាក់ឈ្មោះ ថុល ស៊ីណាត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល និងដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើបញ្ជូនមក អធិការរដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ថុល ស៊ីណាត ហៅសាកាកែវ បានឆ្លើយសារភាពថា៖រូបខ្លួន ពិតជាបានតើកត់ឆ្នោត (ឆ្នោតវៀតណាម) ពិតប្រាកដមែន។
ចំពោះជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS