រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្លំធ្វើជាកម្មកររោងចក្រ ចូលមកលួចម៉ូតូសង់ ស៊េរីឆ្នាំ២០២២ បានសម្រេច ត្រូវាបនសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ ក៏ដូចជានគរបាលប៉ុស្តិ៍ពងទឹក ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង១២នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចរោងចក្រស៊ីកូ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីត្រង់ចំណុចខាងមុខផ្ទះជួសជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តូច សាវ៉េត ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរកម្មកររោងចក្រ ទីលំនៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ កាន ប៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជនសង្ស័យគ្មានសារធាតុញៀន) ។
ក្នុងនោះឡសម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JE-8574 មានលេខតួ និងលេខម៉ាស៊ីន6173570 ចំនួន០១គ្រឿង ។
ចំណែក វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកគុបមូល ពណ៌ស្វាយ គ្មានផ្លាកលេខ (ម៉ូតូចាស់) និងទូរស័ព្ទដៃម៉ាកOppo ពណ៌ខ្មៅចំនួន០១គ្រឿង ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JE-8574 ចេញពីផ្ទះ ស្ថិតនៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល ទៅធ្វើការនៅរោងចក្រស៊ីកូ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូនៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ ដោយពុំបានចាក់សោកម៉ូតូទេ រួចជនរងគ្រោះក៏បានចូលធ្វើការដូចសព្វដង ។ រហូតដល់វេលាម៉ោង១១ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានសម្រាកពីការងារដើរទៅយកបាយនៅកន្លែងដាក់ម៉ូតូ ទៅហូបនៅរោងសម្រាប់កម្មករហូបបាយក្នុងរោងចក្រខាងលើ ។ ពេលហូបបាយរួចជនរងគ្រោះ បានយកកាតូបាយដើរត្រឡប់មកទុកនៅកន្លែងម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ក៏បានសុំឆែកកាមេរ៉ាសុវត្ថិភាពនៅក្នុងរោងចក្រ បានឃើញជនសង្ស័យ បន្លំធ្វើជាកម្មករ ចូលធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបណ្តើរចេញពីក្នុងរោងចក្រ នៅវេលាម៉ោង១១និង១២នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពខាងលើ ឈ្មោះ កាន ប៉ុង រួមនិងវត្ថុតាង ត្រង់ចំណុចខាងមុខផ្ទះជួលជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយម៉ូតូដែលលួចបាននោះ រូបគេ យកទៅលក់ឱ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកចាំទិញម៉ូតូតាមផ្លូវ) នៅម្តុំស្តុបកោសដូង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលុយចំនួន៤០០ដុល្លារ (បួនរយដុល្លារអាមេរិក) ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញរងអ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS