ព័ត៌មានជាតិ

រថយន្តបែនដឹកដី បើកលឿន បុកម៉ូតូសង់ពីក្រោយ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

15-Jul-2024 303 views

រាជធានីភ្នំពេញ​៖ ​ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ខណៈកំពុងជិះម៉ូតូ ត្រូវបានរថយន្តបែនដឹកដីមួយគ្រឿង បើកលឿនមកបុកម៉ូតូចំពីក្រោយពេញទំហឹងតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ១០នាទី ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចមុខសាលាខណ្ឌដង្កោ លើផ្លូវលេខ២១៧ ឋិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត ម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2522 បើកបរដោយឈ្មោះ ជី សុខម៉េង ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរបើកបររថយន្ត មានទីលំនៅភូមិឆ្កែលុង ឃុំភ្នំបាត ស្រុកពញាព្ញ ខេត្តកណ្តាល និងម៉ូតូ HONDA C125 ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ធំ 1R.5020 បើកបរដោយឈ្មោះ ហ៊ុយ ហង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្រីរងឹត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បើកបរស្របទិសគ្នា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ភាគីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូចំពីក្រោយពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ណាស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS