ព័ត៌មានជាតិ

លក់លៀសអត់កាក់កប បែកគំនិតលួចម៉ូតូរបស់សន្តិសុខកំពុងដេកលក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍បឹងកេងកងទី១ ដេញស្ទាក់ចាប់ជាប់!

10-Jul-2024 187 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ នៅវ័យពេញកម្លាំង មានដៃមានជើង មិនប្រកបរបរត្រឹមត្រូវ បែរជាដើរលួចទ្រព្យសម្បត្តិអ្នកដ៍ទៃ លួចម៉ូតូរបស់គេ រួចព្យាយាមជិះរត់ តែជនរងគ្រោះស្រែកចោរៗ គាប់ជួនកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ កំពុងល្បាតបានឃើញ ក៏ស្ទាក់ចាប់ខ្លួនបានភ្លាមៗតែម្តង ដកហូតបានម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខយានដ្ឋានជុសជុលរថយន្ត TRANFERMER ផ្ទះលេខ៨៤ ផ្លូវព្រះមុន្នីវង្ស ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកនាយនគរបាលប៉ុស្តិ៍ បឹងកេងកងទី១ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ឈឹម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ផ្ទះជួលលេខ១៣៣ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មុខរបរលក់លៀសហាល (មានសារធាតុញៀន)។

ចំណែកវត្ថុតាងចាប់យក ម៉ូតូ០១គ្រឿង ម៉ាកSUSUKI SMASH ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HZ- ១៤៥៥ លេខតួ និងលេខម៉ាស៊ីនE៤៨០១៥៤៦០១ ( ជារបស់ជនរងគ្រោះ ) ហើយ ចំពោះម៉ូតូចំនួន០១គ្រឿងរបស់ជនរងគ្រោះឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ សន្តិសុខ សមត្ថកិច្ចយើងបានប្រគល់អោយជនរងគ្រោះវិញតាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៥ ជនសង្ស័យខាងលើបានដើរចេញពីផ្ទះជួលរបស់ឪពុកនៅម្ដុំបឹងត្របែក ខណ្ឌចំការមន គោល បំណងទៅផ្ទះជួលបងស្រីនៅសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ពេលជនសង្ស័យខាងលើដើរមកដល់ចំនុចមុខយាន ដ្ឋានជុសជុលរថយន្ត (កន្លែងកើតហេតុ) ក៏ស្រាប់តែឃើញសន្ដិសុខម្នាក់កំពុងតែដេកលក់ នៅលើប៉ាវអីបត់ មានស្ពាយការបូបពណ៌ខ្មៅ និងម៉ូតូចំនួន០១គ្រឿងនៅក្បែរនោះ ភ្លាមនោះជនសង្ស័យខាងលើបានធ្វើសកម្មភាពរូតកាបូបរកលួចសម្ភារ: ក៏ឃើញសោរម៉ូតូ ក៏បានយកសោរម៉ូតូនោះចាក់ម៉ូតូបម្រុងនឹងជិះចេញទៅ ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឃើញស្រែកចោរៗ ពេលនោះជនសង្ស័យក៏ផ្ដួលម៉ូតូរត់ ហើយជនរងគ្រោះក៏រត់ដេញតាមពីក្រោយបាន ប្រហែល៣០ម៉ែត្រ ស្របពេលនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ដឹកនាំដោយលោកមេប៉ុស្តិ៍ កំពុងល្បាតទៅដល់ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ តែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS