ព័ត៌មានជាតិ

ក្រុមចោរឡើងតាម ដែកចំរឹងខាងក្រោយផ្ទះចូលលួចទ្រព្យសម្បត្តិ ម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោបង្ក្រាបបាន

10-Jul-2024 310 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការស្រាវជ្រាវបង្ក្រាបបាន ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង០៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឆាយ សុភារុណ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ ទីលំនៅផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យម្នាក់ឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យ។

ក្នុងនោះ សម្ភារៈបាត់បង់៖ កាបូបស្ពាយពណ៌ប្រផេះម៉ាកALDOR ចំនួន០១, លុយខ្មែរចំនួន២៥០០០០រៀល, ឯកសារផ្សេងៗមួយចំនួន ។

ចំណែក វត្ថុតាងចាប់យក៖ ចិញ្ចៀនលោហធាតុពណ៌លឿងដាំត្បូងពណ៌សចំនួន០១វង់ ,ខ្សែកលោហធាតុពណ៌លឿងបន្តោងពណ៌ខ្មៅចំនួន០១ខ្សែ, ក្រវិលលោហធាតុពណ៌លឿងដាំត្បូងពណ៌សចំនួន០១, នាឡិកាដៃចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកSamsung S23Utra ពណ៌ខ្មៅចំនួន០១គ្រឿង ,កាស់ប្លូធូចំនួន០២គូរ (ម៉ាកសាំសុងចំនួន០១គូរ,ម៉ាកIphone ចំនួន០១គូរ) ,​កាតធានាគារចំនួន០៦សន្លឹក, ​កាតមន្ទីរពេទ្យកុមារជាតិចំនួន០១សន្លឹក, ​កាតអ៊ីនសួរេនចំនួន០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ឆាយ សុភារុណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរឈ្មោះ ឆាយ សុភារុណ ចំនួន០១សន្លឹក, ប័ណ្ណប.ស.ស ចំនួន០៤សន្លឹក (ឈ្មោះ ឆាយ សុភារុណ ០១សន្លឹក,ឈ្មោះ ហួង ពេជ្របូរមី០១សន្លឹក, ឈ្មោះ ហួង ពេជ្រ រចនា ០១សន្លឹក , ឈ្មោះ ហួង ពេជ្រ ចរណៃ ០១សន្លឹក), ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំនួន០១សន្លឹក ,កាបូបតូចពណ៌ប្រាក់ចំនួន០១ (របស់ជនរងគ្រោះ) ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩យប់ ជនរងគ្រោះ បានទុកសម្ភារៈដូចបានរៀបរាប់ខាងលើ ក្នុងកាបូបព្យួរនៅចុងគ្រែ ហើយជនរងគ្រោះ និងក្រុមគ្រួសារក៏បានចូលដេកនៅលើគ្រែក្នុងបន្ទប់ដោយពុំបានចាក់សោរបន្ទប់ដេកទេ។ រហូតដល់វេលាម៉ោង០៨ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានភ្ញាក់ពីដេករកមើលសម្ភារៈខាងលើ ស្រាប់តែបាត់មិនឃើញនៅកន្លែងទុក រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ព្រៃស ឱ្យជួយអន្តរាគមន៍ ។ ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្បែរកន្លែងកើតហេតុ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងតាម ដែកចំរឹងខាងក្រោយផ្ទះប្រជាពលរដ្ឋក្បែរនោះ ហើយដើរឆ្លងចូលទៅផ្ទះរបស់ជនរងគ្រោះ  បើកទ្វារបន្ទប់ជនរងគ្រោះចូលលួចយកសម្ភារៈខាងលើ នៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាងត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ ជោគ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ (គេចខ្លួន) ពិតបានធ្វើសកម្មភាពឡើងតាមចំរឹងដែកខាងក្រោយផ្ទះ ចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS