ព័ត៌មានជាតិ

ក្មេងទំនើង៣នាក់ យកដុំថ្មគប់ និងកាំបិតកាប់ភ្ញៀវក្នុងហាងផឹកស៊ីមួយកន្លែងនៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចបង្ក្រាបបាន !

10-Jul-2024 378 views

ខេត្តបន្ទាយមានជ័យ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្មេងទំនើង៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់យកមកសួរនាំ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨ ក្រោយពីមានប្រជាពលរដ្ឋប្តឹងថា ក្មេងទំនើងទាំងនោះ បាននាំគ្នាយកយកដុំថ្មគប់ និងយកកាំបិតដេញកាប់ភ្ញៀវដែលកំពុងពិសារអាហារក្នុងហាងមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរជ្រៅ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់មានឈ្មោះ រើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ,ឈ្មោះ យស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ អេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំ។

នៅចំពោះមុខនគរបាលសួរនាំ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពិតជាបានដេញកាប់មនុស្សក្នុងហាងផឹកស៊ីមួយកន្លែងមែន រឿងហិង្សានេះកើតឡើង គឺដោយសារឈ្មោះ សៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំជាបុគ្គលិកហាងខាងលើ មានជម្លោះពាក្យសម្តីជាមួយពួកគេ ដូចនេះហើយពួកគេមករកកាប់បុគ្គលិករូបនោះ តែគាត់បានរត់គេចចូលក្នុងបន្ទប់បាត់ ទើបកាប់ត្រូវភ្ញៀវទៅវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់(ក្មេងទំនើង) កំពុងស្ថិតក្នុងការសួរនាំរបស់នគរបាលជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS