រាជធានីភ្នំពេញ ៖ ដោយទទួលបានការណែនាំ ពីឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាបទបញ្ជារពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់អាវុធមួយសម្បុក និងករណីទី២ ទម្លាក់យោង និងករណីទី៣ ប្រើប្រាស់គ្រឿងញៀន សរុបចំនួន ១៨នាក់ ដែល កម្លាំងការិយាល័យបង្ក្រាបបាន ឲ្យមហាជនបានឃើញជាសាធារណៈ មុននឹងបញ្ជូនខ្លួនទៅកាន់ តុលាការ ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំងនេះ ករណីទី១ ពាក់ព័ន្ធករណី កំហែងយក ដោយប្រើប្រាស់អាវុធភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារៈ និង អំពើលួចមានស្ថានទម្ងន់ទោស លួចកាច់បំបែកសោ ក ម៉ូតូ ។ ដោយកាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣ និង ២០នាទីទៀបភ្លឺ នៅចំណុចមុខហាងខ្យល់ទន្លេ ផ្លូវបេតុង ស្ថិតនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្លន់ប្រដាប់អាវុធ មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នា ០៥នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាព ដោយប្រើប្រាស់អាវុធខ្លី ភ្ជុងគំរាមទៅលើជនរងគ្រោះ០២នាក់ប្តីប្រពន្ធ ដែលកំពុងធ្វើដំណើរតាមផ្លូវ ប្លន់យកបាន ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០២៤ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KB-7528 និងទូរស័ព្ទដៃចំនួន ០២គ្រឿង (១-ម៉ាក IPHONE6 ពណ៌ស ,២-ម៉ាក VIVO ពណ៌ផ្ទៃមេឃ) រួចជិះគេចខ្លួនបាត់ ។
ករណីនេះជនរងគ្រោះមានឈ្មោះ អាត ម៉េងលី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុបបន្ន ផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០២៤ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KB-7528 , ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក VIVO ពណ៌ផ្ទៃមេឃ និង ម៉ាកIPHONE6 ពណ៌ស) ។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១៣នាក់ (ស្រី ៣) ព្រមទាំងដកហូតបានវត្ថុតាង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង ដែលត្រូវបានប្លន់យកនៅថ្ងៃកើតហេតុ និងសម្ភារៈវត្ថុតាងមួយចំនួនទៀត ក្នុងនោះមានអាវុធខ្លី ០១ដើម ZORAKI ពណ៌ទឹកប្រាក់-ខ្មៅ និងអាវុធវែង ០១ដើម (ប្រើហ្គែស) យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តនីតិវិធី។
កម្លាំងសមត្ថកិច្ចបានន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ រហូតដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ទៀត ភេទប្រុស នៅចំណុចភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រតិបត្តិការណ៍ស្រាវជ្រាវបង្ក្រាបករណីនេះ កម្លាំងសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ១៤នាក់ (ស្រី៣) ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងការសាកសួរយ៉ាងយកចិត្តទុកដាក្នុងក់ករណីនេះឃើញថា ជនសង្ស័យជាជនដៃដល់ និងជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណី កំហែងយក (ប្រើប្រាស់អាវុធភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារ) នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៤ និង អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោ ក ម៉ូតូ) កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ សរុបមានចំនួន ១១នាក់ (ស្រី១) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ស៊ូ វាសនា ហៅ ឆេរ ភេទប្រុស អាយុ ៣៣ឆ្នាំ មិនពិតប្រាកដ ទីលំនៅ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ជនដៃដល់កំហែងយក)
២-ឈ្មោះ មុត រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៤៣ ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ជនដៃដល់កំហែងយក និងលួចកាច់បំបែកសោ ក ម៉ូតូ )
៣-ឈ្មោះ ឥន ចាន់សុផុន ភេទប្រុស អាយុ ២៩ឆ្នាំ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ E១២៩D ផ្លូវសុធារស ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ជនដៃដល់កំហែងយក និងលួចកាច់បំបែកសោ ក ម៉ូតូ)
៤-ឈ្មោះ មាស គឹមវ៉ៃ ភេទប្រុស អាយុ ២៩ឆ្នាំ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ ២៦៣ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។ (ជនដៃដល់កំហែងយក)
៥-ឈ្មោះ រ៉ុង រស្មី ភេទប្រុស អាយុ ២៨ឆ្នាំ លក់ដូរ ទីលំនៅផ្ទះលេខ៣០៦អ៊ឺ៣ហ្សិត ផ្លូវ៥១ ភូមិ៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ (ជនដៃដល់កំហែងយក)
៦-ឈ្មោះ ថាម វឌ្ឍនៈភូមី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកភ្លេង ទីលំនៅភូមិរន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (បក្ខពួកសមគំនិតយកម៉ូតូទៅដាក់កន្លែងផ្ញើទុក)
៧-ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ខោអាវ ទីលំនៅផ្ទះលេខ១២E3Z ផ្លូវ១៣៦ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (បក្ខពួកសមគំនិតយកម៉ូតូទៅធ្វើសោរ)
៨-ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់កាហ្វេ ទីលំនៅផ្ទះលេខ ១៦E0 ភូមិ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (បក្ខពួកសមគំនិតយកម៉ូតូទៅធ្វើសោរ)
៩-ឈ្មោះ ពៅ ពណ៌ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ២៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (ជនដៃដល់ករណីលួចកាច់បំបែកសោ ក ម៉ូតូ )
១០-ឈ្មោះ សំ សុណា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ៤៣ ផ្លូវបេតុង ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ (ជនដៃដល់ករណីលួចកាច់បំបែកសោ ក ម៉ូតូ )
១១-ឈ្មោះ មុំ ពលរិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងដែក ទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ (សមគំនិតក្នុងករណីលួចកាច់បំបែកសោ ក ម៉ូតូ )
ចំណែកសម្ភារៈវត្ថុតាងចាប់យកបានរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០២៤ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KB-7528 មានលេខតួ និងលេខម៉ាស៊ីន 04337519 (ជាផលនៃអំពើប្លន់)
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក VIVO ពណ៌ផ្ទៃមេឃ (ជាផលនៃអំពើប្លន់)
-ទូរស័ព្ទដៃ ០១គ្រឿងម៉ាកIPHONE6 ពណ៌ស (ជាផលនៃអំពើប្លន់)
-អាវុធខ្លី ០១ដើម ម៉ាក ZORAKI M 906-T ពណ៌ទឹកប្រាក់-ខ្មៅ មានលេខសម្គាល់ 2305386 (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-អាវុធវែង ០១ដើម (ប្រើហ្គែស)
-សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូ ០១ដើម (ឧបករណ៍ទុកសម្រាប់ប្រព្រឹត្តិបទល្មើស)
-សោរខ្សៀ លេខ៨ ចំនួន ០១ដើម (ឧបករណ៍ទុកសម្រាប់ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទដៃ ០៣គ្រឿង (របស់ជនសង្ស័យ)
-កាបូបស្ពាយចំហៀង ០១ ពណ៌ ប្រផេះ។
ករណីទី២ ទម្លាក់យោង ធ្វើជាជ្រុះមាសក្លែងក្លាយ ឆបោកយកគ្រឿងអលង្ការពិត រួមមាន ខ្សែកមាសទម្ងន់៤ជី ចំនួន០១ខ្សែ, ខ្សែដៃមាស ទម្ងន់០៣ជីចំនួន ០១ខ្សែ , ចិញ្ចៀនមាសទម្ងន់ ០៣ជី ចំនួន០១វង់ , ប្រាក់ដុល្លារចំនួន ៣០០ដុល្លារ , ប្រាក់រៀល ៨ម៉ឺនរៀល , ទូរសព្ទដៃ ០៣គ្រឿង នៅចំណុចផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អក ខណ្ឌសែនសុខ រាចធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៦និង ៣០នាទី ។ លុះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ជាបន្តបន្ទាប់ ៖
-ទី១ឈ្មោះ ឌុក ពិសិដ្ឋ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្លូវបេតុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
-ទី២ឈ្មោះ ប៉ញ ស៊ីថា ហៅឆក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
-ទី៣ឈ្មោះ នឿន សុខគា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ រស់នៅបន្ទប់ជួល ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ដកហូតបាន កាបូបដៃពណ៌សូកូឡាចំនួន ១ , ថង់ក្រណាត់ ពណ៌ក្រហម ចំនួន ០១ , ខ្សែកកាឡៃ ជ្រលក់ទឹកមាសម៉ូត (មាសក្លែងក្លាយ) ច្រវ៉ាក់ឆាប លាយថ្នាំងអំពៅចំនួន០១ខ្សែ , បង្កាន់ដៃលក់ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ចំនួន០១សន្លឹក ម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-9053 ចំនួន០១គ្រឿង ។
ដោយឡែកជនសង្ស័យ ០៤នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន ។
បច្ចុប្បន្នចំពោះជនសង្ស័យ រួមទាំងសម្ភារវត្ថុតាងខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS