ព័ត៌មានជាតិ

សូមប្រយត្ន័! ក្មេងប្រុសម្នាក់ លង់ទឹកអាងស្លាប់ក្នុងបន្ទប់ទឹក

06-Jul-2024 294 views

ខេត្តពោធិ៍សាត់៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី មានករណីក្មេងប្រុស១នាក់ លង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់ កើតហេតុ នៅចំណុចអាងទឹកក្នុងបន្ទប់ទឹកខាងក្រោយផ្ទះចម្ងាយ១០ម៉ែត្រ ស្ថិតនៅភូមិសារវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ សពឈ្មោះ ម៉ើ សេងមួយ ហៅមួយ ភេទប្រុស អាយុ២ខួប៥ខែ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថាយោងកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ជុក មុត ភេទប្រុស អាយុ៤៤ ត្រូវជាឪពុកបង្កើតនៃសព រស់នៅភូមិឃុំកើតហេតុខាងលើ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង១១នឹង០០នាទី ខ្លួនកំពុងរៀបឥដ្ឋនៅឯទ្រុងជ្រូកនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រ ពេលខ្លួនកំពុងរៀបឥដ្ឋ ស្រាប់តែប្រពន្ធរបស់ខ្លួនបានសួរខ្លួនថា ឃើញកូនឬអត់ ខ្លួនបានតបទៅវិញថាអត់បានឃើញទេ ហើយក៏បាននាំគ្នាដើររក បន្ទាប់មកខ្លួនក៏បានចូលរកក្នុងបន្ទប់ទឹក ខាងក្រោយផ្ទះស្រាប់តែ ឃើញកូនអណ្ដែតក្នុងអាងទឹក ក្នុងបន្ទប់ទឹក វេលាប្រហែលម៉ោង១១និង ២០នាទី ហើយខ្លួនក៏លើកកូនរលាក់ រួចហើយក៏ស្រែកហៅ ប្រពន្ធមកជួយ តែកូននៅតែមិនដឹងខ្លួន រួចក៏នាំយកទៅមណ្ឌលសុខភាពឃុំស្នាអន្សា ពេលទៅដល់គ្រូពេទ្យក៏បានពិនិត្យ ហើយគ្រូពេទ្យប្រាប់ថា កូនប្អូនឯងសង្គ្រោះលែងបានហើយ ខ្លួននឹងក្រុមគ្រួសារក៏យកសពកូនមកផ្ទះ ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតែម្ដង។

ក្រោយពិនិត្យបំភ្លឺជុំវិញកន្លែងកើតហេតុ និងសពរួចមកក្រុមការងារអាចសន្និដ្ឋានបានថា ករណីខាងលើពុំពាក់ព័ន្ធករណីឃាតកម្មទេ។ រួចធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១៩នាទី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS