រាជធានីភ្នំពេញ ៖ ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ជ្រកក្រោមស្លាក សាច់អាំងបែបចិន ដោយលេងជាប្រភេទ ឡូតូ ជល់មាន់តាមអនឡាញ និងល្បែងស៊ីសងផ្សេងៗទៀត បង្ករឲ្យមានភាពរញ៉េរញ៉ៃក្នុងមូលដ្ឋាន ផ្គើននឹងប្រសាសន៍ថ្នាក់ដឹកនាំ ដោយបញ្ជារមិនឲ្យមានល្បែងស៊ីសងក្នុងមូលដ្ឋាន ដែលមានទីតាំង នៅម្តុំបុរីកីឡា ក្បែរនឹងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនបានជាច្រើននាក់ បញ្ជូនទៅធ្វើការសាកសួរ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង ១៥នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅម្តុំបុរីកីឡា ក្បែរនឹងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជុំវិញប្រតិបត្តិការនេះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបានប្រមាណជិត ១០នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ខណៈប្រជាពលរដ្ឋលោកមានការសាទរជាខ្លាំង ក្នុងការបោសសម្អាតល្បែងចេញពីមូលដ្ឋាន ទាំងដែលទីតាំងនេះនៅក្បែរនឹង អធិការដ្ឋាននគរបាលខណ្ឌ៧មករា សោះ បែរជាសមត្ថកិច្ចមូលដ្ឋាន មិនបានចុះបង្ក្រាប តែបែរជាខាង កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆ្មក់បង្ក្រាបទៅវិញ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS