រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កោះហៅមន្រ្តីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា០២នាក់ ឈរជើងនៅគោលដៅស្តុបណតប្រ៊ីត ផ្លូវ២០០៤ ខណ្ឌសែនសុខមកសួរនាំ ក្រោយផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមចោទថាបាន កាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គមនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីត ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្កូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។
បច្ចុប្បន្នមន្រ្តីចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ត្រូវផ្អាកការងារបណ្តោះអាសន្ន រង់ចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS