ព័ត៌មានជាតិ

អគ្គិភ័យឆេះតូប ក្នុងផ្សារទួលគោក យ៉ាងសន្ធោសន្ធៅទាំងព្រឹកព្រលឹម សមត្ថកិច្ចបាញ់ទឹកអស់១៨គ្រឿងទើបរលត់!

02-Jul-2024 307 views

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះតូប ក្នុងផ្សារទួលគោក យ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច ផ្សារទួលគោក តូបលេខPD01 ផ្លូវ៥៨៦ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យបានបន្តថា ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្ត។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទីតាំងកើតហេតុមានឈ្មោះ អ៊ុក សុខ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: ជួសជុសកង្ហារ និងលក់អង្ករ ដោយបានឆាបឆេះប្រភេទសំណង់ ថ្មបេតុង ទំហំ ០៤ម៉ែត្រ X ០៦ម៉ែត្រ ចំនួន ០១តូច រួមទាំងសម្ភារៈគ្រឿងកង្ហារអស់មួយចំនួន ហើយបណ្តាលឲ្យឆេះរាលដាលដល់តូបលេខ PD02 ខូចខាតបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ រួមទាំងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង តែគ្មាននរណាម្នាក់ រងរបួសនោះទេ។

ភ្លាមៗ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៨គ្រឿង ចុះទៅអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើនឹង ៧២ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ ពីរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ពុំប្រើប្រាស់ទឹក រហូតរលត់ទៅវិញ នៅម៉ោង ១០ ព្រឹក នាថ្ងៃខែ ឆ្នាំដដែល ខណៈមូលហេតុ ក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS