រាជធានីភ្នំពេញ៖ ស្រ្តីអ្នកលក់ឥវ៉ាន់ចាប់ហួយម្នាក់ ត្រូវបានជនសង្ស័យជាស្ត្រីម្នាក់ ប្រើល្បិចធ្វើជាជិះម៉ូតូ ចូលកម្មង់ទិញអីវ៉ាន់ ខ្ចប់នេះ ខ្ចប់នោះ រហូតធ្វើឲ្យអ្នកលក់អរគេទិញច្រើនក៏មិនបានប្រយ័ត្ន មិនដឹងថាជាល្បិចបោក ហើយត្រូវជនសង្ស័យធ្វើជាសុំដូរលុយ បោកយកទៅបាត់អស់៨០០ដុល្លារ និងគាស់អីវ៉ាន់ចោល អស់ជាច្រើនថែមទៀត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ធៀប សន អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីជាជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកប៊ីត មិនចាំផ្លាកលេខ មកឈប់ខាងមុខតូបលក់ដូររបស់គាត់ រួចហើយស្ត្រីជាជនសង្ស័យនោះ ក៏បានចូលទៅកម្មង់ទិញ ចង្អុលយកអីវ៉ាន់នេះ អីវ៉ាន់នោះផ្សេងៗជាច្រើន និងបានអោយគាត់ជាអ្នកលក់ វិចខ្ចប់រៀបអីវ៉ាន់អោយ ហើយប្រាប់ថា ខ្លួនប្រញាប់ ចាំជួយយកអោយផង រួចបន្លំទះស្មារអ្នកលក់ និងដឹកដៃទៅចង្អុលប្រាប់ថា ផ្ទះគាត់ជិតនេះ ដើម្បីបន្លប់ស្មារតីអ្នកលក់ដូរ ហើយធ្វើជាសុំដូរលុយ ដោយអោយជនរងគ្រោះយកលុយក្រៅ(លុយសុទ្ធ)អោយជនសង្ស័យចំនួន ៨០០ដុល្លារ ចាំជនសង្ស័យបាញ់លុយតាមកុងអោយវិញ ពេលនោះជនរងគ្រោះមានស្មារតីវិលវល់ ក៏ទៅយកលុយមកប្រគល់ជនសង្ស័យចំនួន ៨០០ដុល្លាររួចរាល់ហើយ ជនសង្ស័យធ្វើប្រញាប់ប្រញាល់ៗឡើងជិះម៉ូតូចេញទៅបាត់ស្រមោល គេចខ្លួនបាត់ស្រមោលតែម្តង ។
មួយសន្ទុះក្រោយមកទើបជនរងគ្រោះភ្ញាក់ខ្លួនដឹងថាចាញ់បោកគេ ក៏ឆោឡោអោយគេជួយដេញតាម បង្កការភ្ញាក់ផ្អើលកើតឡើង ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ រួចអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS