ព័ត៌មានជាតិ

អ្នកលក់បន្លែរាយខ្សែភ្លើងដាក់រម៉ក ទុកឆក់ចោរដែលមកលួច បែរជាឆក់ក្មេងស្លាប់ រួចលើកសពក្មេងដើរចូលព្រៃជិត២ម៉ោង ហើយបើករម៉កគេចខ្លួនបាត់ទាំង២នាក់ប្តីប្រពន្ធ ខណៈសពក្មេងក៏រកមិនឃើញ

02-Jul-2024 328 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈអ្នកលក់បន្លែ បានរាយខ្សែភ្លើងដាក់នៅរម៉ក ទុកឆក់ចោរដែលមកលួច អកុលសដែលជាឆក់ក្មេងប្រុសម្នាក់ ដែលចេញមកនោម រួចទៅតោងរម៉កនោះ បណ្តាលឲ្យឆក់ស្លាប់ ក្រោយពីឃើញសពក្មេងស្លាប់ ប្តីប្រពន្ធ​នេះ ក៏លើកសពក្មេងរងគ្រោះមកដាក់នៅបង្គោលភ្លើងក្បែរនោះ រួចហើយក៏លើកសពក្មេងរងគ្រោះ ដើរសំដៅទៅព្រៃខាងក្រោយផ្ទះជួល អស់រយៈពេលជិត២ម៉ោង ទើបបើករម៉កចេញ រត់គេចខ្លួនបាត់ទាំង២នាក់ប្តីប្រពន្ធតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារក្មេងរងគ្រោះ បានបញ្ជាក់ថា បើមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញក្មេងប្រុសរងគ្រោះ បានដើរមកនោម រួចហើយក៏ដើរទៅតោងប៉ះរម៉កលក់បន្លែរបស់ប្តីប្រពន្ធនោះ ស្រាប់តែឆក់ចរន្តអគ្គិសនីដែលម្ចាស់រម៉កបានរាយខ្សែភ្លើងទុកឆក់ចោរដែលមកចង់លួចរម៉កនោះ រឹងទទ្រើករហូតដល់ស្លាប់ មួយសន្ទុះក្រោយមក ប្តីប្រពន្ធនេះក៏បើកទ្វារចេញមក ឃើញសពក្មេងខាងលើស្លាប់នៅនឹងរម៉ករបស់ខ្លួន ក៏លើកមក ដាក់នៅបង្គោលភ្លើងក្បែរនោះ រួចហើយក៏លើកសពក្មេងរងគ្រោះ ដើរសំដៅទៅព្រៃខាងក្រោយផ្ទះជួល អស់រយៈពេលជិត២ម៉ោង ទើបបើករម៉កចេញ រត់គេចខ្លួនបាត់ទាំង២នាក់ប្តីប្រពន្ធតែម្តង ដោយមិនដឹងថា លាក់សពនៅក្នុងព្រៃនេះ ឬក៏ដឹកសពយកទៅចោលកន្លែងណាទៀតនោះទេ សមត្ថកិច្ចក៏បានគាស់ផ្ទះខាងលើមើលដែរ ក្រែងលោលាក់សពក្មេងក្នុងផ្ទះ នៅតែមិនឃើញ ខណៈម្តាយនិងលោកយាយ អុជធូបសែន សុំឲ្យព្រលឹងចៅមកពន្យល់សប្តិប្រាប់ តើគេយកសពចៅទុកនៅឯណា ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ។

ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត តាមរកសព និងតាមចាប់ប្តីប្រពន្ធខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS