ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវវេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោកស្រី តាត់ ឆេន និងក្រុមគ្រួសារ ចំពោះមរណៈភាព លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ កាលពីនៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២ម៉ោង៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម៖
លោកស្រី តាត់ ឆេន ជាទីគោរពស្រឡាញ់
ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ
លោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ កាលនៅ ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២ម៉៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតាជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដែលតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទល្អៗដល់កូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយគន្លងធម៌មានអនាគតរុងរឿង និងជាការបាត់បង់នូវមរតកមនុស្សដ៏ឆ្នើមមួយរូប និងជាធនធានដ៏កម្របំផុតរបស់កម្ពុជា ក្នុងវិស័យសិល្បៈបុរាណខ្មែរផ្នែកចាប៉ីដងវែង។ ទោះបីរូបកាយរបស់ លោកព្រឹទ្ធចារ្យកោសលវោហារ បានបាត់បង់ទៅមែនពិតប៉ុន្តែអំពើជាកុសល កិត្តិយសដ៏ឧត្តុង្គឧត្តម សេចក្តីថ្លៃថ្នូរ និងស្នាដៃសិល្បៈគួរឱ្យកោតសរសើរបំផុត និងជាទីមោទនៈសម្រាប់ជាតិខ្មែរ នឹងស្ថិតនៅក្នុងការចងចាំជានិច្ចនិរន្តរ៍របស់លោកស្រីជាភរិយា កូន ចៅ ចៅទួត និងញ្ញាតិមិត្តជិតឆ្ងាយទាំងអស់។
ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធរបស់ លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS