ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារ យកអំណោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពស្លាប់ក្នុងករណីឃាតកម្ម ដល់ផ្ទះខាងស្រីក្នុងខេត្តកំពត

20-Jun-2024 372 views

ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ក្តុកក្តួលរំជួលចិត្តដ៏សែនក្រៀមក្រំចំពោះមរណភាពរបស់យុវជន-យុវនារី ២រូប ជាគូដណ្ដឹងនឹងគ្នាដែលរងគ្រោះដោយអំពើឃាតកម្មដ៏គួរឱ្យរន្ធត់នោះ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុវជន ឡុង លីសុង និងយុវនារី ឃឹម កញ្ចនា ដែលបានទទួលរងគ្រោះក្នុងករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាមួយនឹងការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកជំទាវ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសពទាំង២ ដែលការប្រគល់ទេយ្យទាននេះធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងនេះ លោកជំទាវ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង២រូប ដែលនេះគឺជាការបាត់បង់ កូនៗ និងសាច់ញាតិជាទីស្រឡាញ់ស្មើជីវិត និងសូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS