រាជធានីភ្នំពេញ ៖ គ្រឿងញៀនសរុបចំនួន ៤១០០គីឡូក្រាម ឬក៏ស្មើរនឹងជាង ៤តោន ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាន កាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងញៀន សម្រេចដុតកម្ទេចចោល តាមអំណាចសាលក្រមសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅចំណុចទីតាំងឡមួយកន្លែងភូមិសំរោង ក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ពិធីដុតកម្ទេចចោលគ្រឿងញៀនជាង ៤តោននេះដែរ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះមានការចូលរួមពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការចូលរួមកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងស្ថាប័នអយ្យការផងដែរ ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រឿងញៀនសរុបដែលបង្ក្រាបបាន ទាំងអស់មានចំនួន ៧,៣៥០គីឡូ ឬក៏ស្មើរនឹង ជាង ៧តោន តែការបំផ្លាញចោលនេះ ចែកចេញជា ៣ប្រភេទ ដោយ២ប្រភេទ អាចដុតកម្ទេចចោលបាន ហើយត្រូវដុតនៅថ្ងៃនេះតែម្តងគឺជាង ៤តោន។ ដោយឡែកគ្រឿងញៀន ១ប្រភេទទៀត ជាង៣តោនទៀតនោះ មិនអាចដុតកើត គឺត្រូវប្រើបច្ចេកទេសក្នុងការបន្សាបនៅពេលក្រោយ ហើយគ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនៅពេលនេះ បើគិតជាសាច់ប្រាក់ក្នុងការជួញដូរលើទីផ្សារខុសច្បាប់ ស្មើរនឹងប្រមាណជាង ២២លានដុល្លារ តែបើគិតទីផ្សារប្រើប្រាស់ មានតម្លៃប្រមាណ ៦៧ ទៅ ៦៨លានដុល្លារ ឯណោះ។
ការដុតកម្ទេចចោលនេះ ធ្វើឲ្យពលរដ្ឋ លោកពេញចិត្ត និងគាំទ្រខ្លាំង ដែលជាការបំផ្លាញឱ្យអស់នូវសារធាតុញៀនដែលបានចរាចរណ៍ និងពង្វក់ស្មារតីក្មេងៗ ឬយុវជនដែលបានប្រើប្រាស់វា។ ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញទៅមហាជនឲ្យបានឃើញ ពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅកម្ពុជា។
សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំធ្វើពិធីដុតបំផ្លាញគ្រឿងញៀនចោល ជារៀងរាល់ឆ្នាំ ដោយគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនរាប់ពាន់ពីឡូក្រាម ត្រូវបំផ្លាញចោលជាបន្តបន្ទាប់ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិ ក៏នឹងរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផងដែរ៕