ព័ត៌មានជាតិ

សាច់ញាតិមកដល់ ទ្រហ៊ោយំបោកខ្លួន ... ចេញពីធ្វើការ ជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តកុងតឺន័រ បុកនិងកិនស្លាប់យ៉ាងរន្ធត់

13-Jun-2024 284 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រឡប់ទៅផ្ទះ ត្រូវរថយន្តកុងតឺន័របុកកិន​ បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កុយ នីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅ ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1S-3551 ចេញពីធ្វើការ ឆ្ពោះទៅផ្ទះជួលនៅឯវត្តស្លែង ដោយធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុស្រាប់តែរថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5751 សណ្តោងរម៉កកុងតឺន័រ ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0553 បើកលឿនពីជើងទៅត្បូងបុកហើយកិនជនរងគ្រោះបែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តបន្តទៅមុខជាង១០០ម៉ែត្រទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ស្លាកស្នាម ធ្វើឯកសារប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS