ព័ត៌មានជាតិ

បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប

13-Jun-2024 236 views

ខេត្តតាកែវ ៖ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះទាំងស្រុងថា មកដល់ត្រាំកក់តាមការសន្យា! នៅទីនេះពិតជាមានសក្តានុពលខ្លាំងសម្រាប់ដំណាំបន្លែស្លឹក មូលដ្ឋានគ្រឹះមានរួចអស់ហើយ នៅសល់តែចេះចងក្រងគ្នាជាសហគមន៍តែបន្តិច ឈប់ប្រកួតប្រជែងគ្នាឯង និងងាកមកផលិតរួម និងគ្រប់គ្រងរួម ដើម្បីផ្គត់ផ្គង់បន្លែកុំឱ្យដាច់នៅក្នុងតម្លៃសមរម្យមួយ នោះយើងនឹងអាចមានទីតាំងដាំបន្លែទ្រង់ទ្រាយធំមួយនៅក្នុងខេត្តតាកែវ ដែលអាចប្រកួតប្រជែងជាមួយនឹងបន្លែនាំចូលបានហើយ។

ជាបឋម មានបងប្អូនអ្នកដាំបន្លែចំនួន ៤២គ្រួសារបានស្ម័គ្រចិត្តចុះឈ្មោះរួមគ្នាដើម្បីបង្កើតជាសហគមន៍កសិកម្មទំនើប។ ក្រុមការងារត្រូវការពេលសិក្សាលម្អិតបន្ថែមបន្តិចទៀត សង្ឃឹមថានឹងអាចបង្កើតបានជាសហគមន៍បន្លែដ៏ធំមួយនៅទីនេះក្នុងពេលឆាប់ៗនេះ។

បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។

ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។

ធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលដោយស្វ័យប្រវត្តិ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS