ព័ត៌មានជាតិ

ថ្ងៃសែនចូលឆ្នាំចិន ឆេះផ្ទះ១ខ្នងខ្ទេច រាលដាលដល់២ខ្នងទៀត នៅខណ្ឌដង្កោ

28-Jan-2025 211 views

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ​៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា​​ ឆ្នាំ២០២៥ ដែលស្ថិតចំណុចភូមិសេរីដីដុះ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៦ម៉ែត្រគូ​ប​ និងរថយន្តជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​០១ឡាន​ ស្មេីរនឹង​០៦ម៉ែត្រគូប​។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ស័ង្កសី ទំហំ​ (៦ម៉ែត្រ​ x ៨ម៉ែត្រ)​ ឆេះផ្ទះស័ង្កសីចំនួន០១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបានឆេះរាលដាល់ដល់អ្នកក្បែរខាងចំនួន០១ខ្នងខូចខាតជញ្ជាំងអស់មួយជំហៀង។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១០និង៣៦នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS