រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា(EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។
ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខពួក ធ្វើសកម្មភាពបានសម្រេចផល។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតអោយផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ និងផ្ទេរប្រាក់ចេញដោយមិនដឹងខ្លួន និងសូមកុំអោយអ្នកដទៃប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS