ខេត្តកណ្តាល ៖ រន្ធត់ណាស់លោកអើយ បុរសម្នាក់ បានរងរបួសដាច់ជើងថ្មិលចេញពីគ្នា ចំណែកម្នាក់ទៀតក៏រងរបួសធ្ងន់ ខណៈបើករថយន្ត ទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតកំពុងឈប់នៅលើទ្រូងផ្លូវអែបខាងស្ដាំពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤០ នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩-២០ នៅលើមហាវិថីសុីជិនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមរបាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក MITSUBISHI FUSO ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្ដាំKCHH-0136 និងមានសឺមីសណ្ដោរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ4A-0831 បើកបរដោយឈ្មោះ សៀក វីរៈ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
និងមានអ្នករួមដំណើរចំនួន ០១នាក់ ឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពន្លៃ ស្រុកកំបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ រថយន្តបើកបរមានទិសដៅពី លិច ទៅ កើត ពេលបើកមកដល់កន្លែង កើតហេតុខាងលើ ក៏បានបុកពីក្រោយរថយន្តមួយគ្រឿងកំពុងឈប់នៅលើទ្រូងផ្លូវអែបខាងស្ដាំស្របទិសគ្នា មានម៉ាក HYUNDAI ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង3A-2537 និងមានសណ្ដោងសឺមីរ៉ឺម៉ក ពណ៌បៃតង គ្មានផ្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។
ករណីគ្រោះថ្នាក់ខាងលើ បណ្ដាលឲ្យអ្នកបើកបរ រថយន្តម៉ាក MITSUBISHI FUSO ឈ្មោះ សៀក វីរៈ រងរបួសធ្ងន់ និងអ្នករួមដំណើរ ឈ្មោះ ពៅ វុទ្ធី រងរបួសស្រាល ។ ក្រោយពេលកើតហេតុ អ្នករបួសទាំងពីរត្រូវបាន រថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។ ក្នុងករណីនេះបណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ និងខូចខាតបង្គោលសុវត្ថិភាពផ្លូវចំនួន ០៣ដើម។ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពី អ្នកបើកបររថយន្តម៉ាក HYUNDAI ប្រភេទក្បាល សណ្ដោង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង3A-2537 ឈប់លើទ្រូងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនមានភ្លើងសញ្ញា និងផ្លាកសញ្ញាសម្គាល់នៅពីក្រោយ ដើម្បីឲ្យយានធ្វើដំណើរមកពីក្រោយងាយបានឃើញ ចំណែកអ្នកបើកបររថយន្តម៉ាក MITSUBISHI FUSO ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្ដាំKCHH-0136 និងមានសឺមីសណ្ដោរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ4A-0831 បើកបរខ្វះការប្រុងប្រយ័ត្នមិនពិនិត្យមើលស្ថានភាពផ្លូវឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ ៕ អែលមេសា +វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS