ខេត្តឧត្តរមានជ័យ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងពី សេចក្តីប្រកាសព័ត៌មាន ស្តីពីការពលីជីវិតរបស់មន្ត្រីជំនាញអង្គភាព CMAC ចំនួន២រូប ក្នុងករណីឧបទ្ទវហេតុផ្ទុះមីនតោនក្នុងពេលកំពុងប្រតិបត្តិការ នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តួយ៉ាង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដឹកនាំគណប្រតិភូថ្នាក់ដឹកនាំអង្គភាពCMAC ចូលរួមគោរពវិញ្ញាណខន្តសពលោក ពៅ នេពីន អត្តលេខ៩៣៦៤៨៦ ស្ថិតនៅភូមិតេជោ ឃុំភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឱពុកម្តាយជីដូនជីតា បងប្អូន កូនរបស់លោក ពៅ នេពីន ដែលបានចូលរួមចំណែក លះបង់និងធ្វើពលីកម្មជាមួយរាជរដ្ឋាភិបាលនិងអង្គភាពCMAC ដើម្បីបុព្វហេតុសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍនៃសង្គមជាតិ លើសមរភូមិបោសសម្អាតឃាតករលាក់មុខគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។ សង្គ្រាមបានបញ្ចប់! ប្រទេសជាតិមានសន្តិភាពពេញលេញអស់រយៈពេលជាង២៦ឆ្នាំហេីយ ប៉ុន្តែសំណល់សង្គ្រាមដូចជាគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកគីមី និងអាវុធជាតិផ្ទុះជាច្រើនប្រភេទនៅសេសល់រាយប៉ាយកប់ក្នុងដី ក្នុងទឹក តាមភូមិករ តាមព្រៃប្រឹក្សានៃទឹកដីព្រះរាជាណាចក្រដ៏កំសត់នេះនៅឡើយ។ រាជរដ្ឋាភិបាលបានបន្តខិតខំបោសសម្អាតនិងកម្ចាត់ចោលសំណល់យុទ្ធភណ្ឌសង្គ្រាមដោយឆន្ទះមុតស្រួច ដើម្បីធានានូវសុខសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ។
សូមឧទិ្ទសដល់វិញ្ញាណខន្តលោក ពៅ នេពីន បានទៅកាន់ឋានសុខគតិភពកុំឃ្លៀងឃ្លាតឡើយ!!
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS