រាជធានីភ្នំពេញ: ពិតជាអាសូរណាស់ បុរសម្នាក់ម៉ៅកង់បីឥណ្ឌាពីខេត្តតាកែវ ជាមួយអ្នកស្គាល់គ្នា ដើម្បីមកមន្ទីរពេទ្យនៅភ្នំពេញ ព្យាបាលជំងឺ តែជាអកុសលបានដាច់ខ្យល់ស្លាប់លើកង់បីនៅចិញ្ចើមផ្លូវទាំងកណ្តាលថ្ងៃត្រង់ ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង១២ និង០០ នាទីថ្ងៃត្រង់ ត្រូវថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ចំណុចតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឪ្យដឹងថា សពមានឈ្មោះ ទី អាយុ៥២ឆ្នាំ (មានសតិបញ្ញាមិនសូវល្អ) មានទីកន្លែងកំណើត ស្រុកត្រាំង ខេត្តតាកែវ ។
បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ដែលជាអ្នកគ្នាជាមួយជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានស្គាល់គ្នាជាមួយម្តាយជនរងគ្រោះជាយូរមកហើយ ហើយគាត់ក៏បានលាចាកលោកប៉ុន្មានឆ្នាំមុន ក៏បន្សល់កូនប្រុសម្នាក់នេះ គាត់ឃើញបែបនេះគាត់ចេះតែណិត ទើបចេះតែជួយយកអាសារគ្នា រហូតដល់ប៉ុន្មានថ្ងៃនេះគាត់មានអាការៈមិនស្រួលខ្លួន ទៅមន្ទីរតាមខេត្ត គេណែនាំឲ្យមកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ទើបគាត់បានសម្រេចចិត្ត ម៉ៅកង់បីឥណ្ឌាពីខេត្តតាកែវ ជាមួយអ្នកស្គាល់គ្នា ដើម្បីមកមន្ទីរពេទ្យនៅភ្នំពេញ ព្យាបាលជំងឺ តែជាអកុសលបានដាច់ខ្យល់ស្លាប់លើកង់បីនៅចិញ្ចើមផ្លូវទាំងកណ្តាលថ្ងៃត្រង់ បែបនេះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ នគរបាលមូលដ្ឋាន និងនគរបាលជំនាញផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសាកសព យ៉ាងយកចិត្តទុកដាក់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS