ព័ត៌មានជាតិ

សោកនាដកម្មមួយគ្រួសារ ត្រូវអ្នកស្រវឹងបើកឡាន បុកម៉ូតូ ស្លាប់៣នាក់ឪពុកនិងកូន សល់តែប្រពន្ធរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់!!!

11-Jan-2025 335 views

រាជធានីភ្នំពេញ៖ ចង់សងអី ទោះបីជាអ្នកសងប៉ុន្មាន ក៏ជីវិតមនុស្ស៣នាក់ មិនអាចរស់ឡើងវិញដែរ... អ្នកប្រើពាក្យសុំទោសនិង គិតថាសងជីវិតប្តីនិងកូនតូចៗប្រុសស្រីចំនួន៣នាក់ រស់ឡើងវិញបានមែនទេ?

សោកនាដកម្មមួយគ្រួសារ ស្លាប់ឪពុកដាច់ជើងថ្មិល នឹងកូនប្រុសស្រីតូចៗ៣នាក់ ខណៈប្រពន្ធកំពុងសង្រ្គោះបន្ទាន់ ក្រោមស្នាដៃអ្នកបើករថយន្តទាំងស្រវឹង​ ខណៈម៉ូតូវិញ សំប៉ែតម៉ត់ខ្ទេច រថយន្តក្រឡាប់វិញខ្ទេចក្បាលខាងមុខ ស្ទើរទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៧:៣៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 អ្នកបើកបរមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានកម្រិតអាល់កុល 0,46Mg/l បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេង បុកម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 ក្នុងទិសដៅពីត្បូងទៅជើង ជិះមួយគ្រួសារ ៤នាក់ ឪពុកម្តាយនិងកូនតូចៗ ពេញទំហឹង ឪពុកដាច់ជើងម្ខាងថ្មិល ខ្ទាតចូលព្រៃ ម្តាយរបួសធ្ងន់ ខ្ទាតចូលព្រៃដូចគ្នា ចំណែកកូនតូចៗ២នាក់ ប្រលាក់ទៅដោយឈាម ខ្ទាតរណូករណែលលើផ្លូវ ម៉ូតូវិញខ្ទេចម៉ត់មើលលែងយល់ ចំណែករថយន្តផ្លោងក្រឡាប់ទៅក្បែរគុម្ពព្រៃ ខ្ទេចក្បាលខាងមុខស្ទើរទាំងស្រុង ។

ករណីនេះ បណ្ដាលឲ្យអ្នកជិះម៉ូតូឪពុកប្រពន្ធនិងកូនតូច០២នាក់ សរុបមនុស្ស០៤នាក់ ក្នុងនោះបណ្តាលឲ្យស្លាប់ កូនតូចប្រុសម្នាក់នៅកន្លែងកើតហេតុ

ចំណែក០៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ឪពុកនិងកូនស្រីតូច បានស្លា..ប់បន្ត ។នៅសល់តែម្តាយ ក៏កំពុងសង្រ្គោះបន្ទាន់។ សរុបជារួមស្លាប់៣នាក់ឪពុកនិងកូន ។ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ច ឃាត់ខ្លួនប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូ និងអ្នកបើកបររថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS