រាជធានីភ្នំពេញ៖ មនុស្សចាស់ក្មេង សរុប១២នាក់ឯណោះ បានរងរបួសធ្ងន់ស្រាល ខណៈកំពុងជិះរម៉កតាមផ្លូវ ត្រូវរថយន្តព្រូស ស្រវឹង បុករះពេញទំហឹង ខ្ទាតរណូករណែល ពេញលើស្ពានជ្រោយចង្វារតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ឆ្លងកាត់ស្ពានជ្រោយចង្វាមិត្តភាពកម្ពុជា-ជប៉ុន ក្នុងល្បឿនលឿនពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជិតដល់ពាក់កណ្តាលស្ពាន ស្រាប់តែរថយន្តខាងលើបានបុករះទៅលើម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ដែលជិះដោយមនុស្សចាស់ក្មេង ១២នាក់ មកពីរត់តុឲ្យគេ មានទាំងសំបកកំប៉ុងអេតចាយ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្សលើរម៉កខ្ទាតរណូករណែល រងរបួសធ្ងន់ស្រាល ភ្លាមៗនោះរថយន្តបង្កបន្ដបើករត់គេចចុះពីលើស្ពានរួចបត់ទៅសាលាជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដេញតាមឃាត់ទាន់ ឡែកជនរងគ្រោះទាំង១២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តបង្កយកទៅធ្វើការសាកសួរព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS