រាជធានីភ្នំពេញ៖ វីដេអូកាមេរ៉ាសុវត្ថិភាពមួយកំពុងត្រូវបានអ្នកលេងបណ្តាញសង្គម ស៊ែរបន្តព្រោងព្រាត ដែលបង្ហាញពីការខឹង និងហួសចិត្តជាខ្លាំង ចំពោះការបើកបរយ៉ាងលឿន គ្មានប្រណី បុកម៉ូតូបុរសម្នាក់ដែលជិះស្របគ្នា ខ្ទាតជាច្រើនម៉ែត្រទាំងមនុស្សទាំងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជិត៧ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១០៤ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច មកកាន់អង្គភាពសារព័ត៌មាន VITHEY NEWS នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ចំពោះករណីនេះ សមត្ថកិច្ចបានចុះទៅស្រាវជ្រាវនៅទីតាំងកើតហេតុ តាំងពីថ្ងៃកើតហេតុមកម្ល៉េះ តែកំណត់បានតែម៉ាករថយន្ត ចំណែកស្លាកលេខ មើលមិនច្បាស់នោះទេ ព្រោះចាំងនឹងពន្លឺថ្ងៃ ណាមួយរថយន្តបង្ករនេះ បើកលឿនណាស់ ដែលកាមេរ៉ាចាប់រូបភាពស្លាកលេខមិនច្បាស់ ហើយករណីនេះជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រសារជនរងគ្រោះ តាំងពីថ្ងៃកើតហេតុ ។
ទោះបីជាយ៉ាងណាមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់រថយន្តបង្កខាងលើនេះ យកមកដោះស្រាយគ្នាតាមច្បាប់ឲ្យខានតែបាន ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS