រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចជំនាញឃាត់អ្នកបើករថយន្ត LEXUS RX330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីនេះ រថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771
បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ដែលគេស្គាល់ថា ជាតារា RAP ដ៍ល្បី គឺ RuthKo បានស្លាប់នៅកន្លែងកើតហេតុ។
ខណៈ ភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបើកបររថយន្តនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) អ្នកបើកបររថយន្តសមត្ថកិច្ចត្រួតពិនិត្យគឺគ្មានជាតិអាល់កុលនោះទេ។
ចំណែកភាគីម៉ូតូ ម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ តារាចម្រៀងRap មានទីលំនៅផ្ទះលេខ៤៩៥១ ផ្លូវលេខ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់បន្ថែមថា ជុំវិញការស្លាប់បាត់បង់ជីវិតរបស់ តារា RAP ដ៍ល្បី គឺ RuthKo នេះដែរ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យRap នៅកម្ពុជា នៅមានតក់ស្លុតចិត្តជាខ្លាំង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ សូមចូលរួមរំលែកទុក្ខផង ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS