រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋការ៉ូមួយគ្រឿង ចាប់ហ្វ្រាំងមិនស៊ី បុកប៉ះរថយន្តព្រូសនៅខាងមុខ ដោយសារមិនទាន់អស់ល្បឿន ខ្លាចបុកអ្នកដំណើរផ្សេងទៀត អ្នកបើករថយន្តក៏បួងចង្កូតគេច ឡើងមកលើខឿនសួនច្បារចែកទ្រូងផ្លូវ២១៧ បណ្តាលឲ្យបាក់បង្គោលដែកផ្លាកប៉ាន់ណូមួយដើម និងស្លាកបញ្ជាចរាចរណ៍ចំនួន២ ទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ២១៧ មុខសាលាមីគីវ៉េ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋការ៉ូ ពណ៌បៃតង ពាក់ស្លកាលេខ ភ្នំពេញ 3B-8971 បើកបរស្របទិសគ្នាពីត្បូងមកជើង នៅពីក្រោយរថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7301 តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ រថយន្តដឹកឥដ្ឋការ៉ូ ចាប់ហ្វ្រាំងមិនស៊ី ក៏បុកប៉ះរថយន្តព្រូស រួចដោយសារមិនទាន់អស់ល្បឿន ខ្លាចបុកអ្នកដំណើរផ្សេងទៀត អ្នកបើករថយន្តដឹកឥដ្ឋការ៉ូ ក៏បួងចង្កូតគេច ឡើងមកលើខឿនសួនច្បារចែកទ្រូងផ្លូវ២១៧ បណ្តាលឲ្យបាក់បង្គោលដែកផ្លាកប៉ាន់ណូមួយដើម និងស្លាកបញ្ជាចរាចរណ៍ចំនួន២ ទៅមុខលែងរួច តែម្តង សំណាងណាស់គ្មាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ និងនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS