ព័ត៌មានជាតិ

រកឃើញហើយ សាកសពដែលបាត់ខ្លួន ពេលលិចអូបរ័ដឹកភ្ញៀវទេសចរពីទូកស្ទូចត្រីម្តុំមុខឆ្នេរហាវៃ កាលពី៣ថ្ងៃមុន

02-Jan-2025 253 views

ខេត្តព្រះសីហនុ៖ ទីបំផុតរកឃើញហើយ សាកសពបុរសជនជាតិចិនម្នាក់ដែលបាត់ខ្លួនពេលលិចអូបរ័ដឹកភ្ញៀវទេសចរពីទូកស្ទូចត្រីមួយគ្រឿងម្តុំមុខឆ្នេរហាវៃ ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។

សាកសពបុរសខាងលើ មានឈ្មោះ CHEN WENBIAO ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ២៥-១២-១៩៩៣ ត្រូវបានប្រទះឃើញនៅវេលាម៉ោងជិត១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយបានអណ្តែតនៅចំណុចមុខផែចាស់ ឆ្ងាយពីកន្លែងកើតហេតុប្រហែល១.៥០០ម៉ែត្រ ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចចាត់ចែងដឹកតាមរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យកទៅរក្សាទុក ដើម្បីនគរបាលបច្ចេកទេសវិទ្យាសាស្ត្របន្តនីតិវិធី ។

សុំបញ្ជាក់ថា អូប័រចម្លងភ្ញៀវចេញពីទូកបេអឺដឹកភ្ញៀវទេសចរស្ទូចត្រីមួយគ្រឿងបានលិច នៅម្តុំមុខឆ្នេរហាវៃ ហើយភ្លាមៗម្ចាស់ទូកបានជួយសង្គ្រោះភ្ញៀវដែលជាជនជាតិចិនបានចំនួន ១៦នាក់(ស្រីចំនួន៦នាក់) និងបាត់ខ្លួន ម្នាក់ភេទប្រុសជាសពខាងលើ ដែលទើបរកឃើញនេះ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS