រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដេកស្លាប់នៅចិញ្ចើមផ្លូវ ទាំងព្រឹកព្រលឹម ផ្អើលសមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ ។ នេះបើយោងតាមកំណត់ហេតុHotline 117ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ២៥នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះលេខ 118E0 ផ្លូវ១៣ ភូមិ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ភ្លាមៗគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលទី១ បានចុះមកដល់ទីតាំងកើតហេតុ ។ មុនពេលកើតហេតុ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ បានឃើញជនរងគ្រោះជាជនបរទេស ដេកមិនកម្រើក ហៅក៏មិនឆ្លើយ មានការសង្ស័យក៏រាយការណ៍ជូនសមត្ថកិច្ច ពេលសមត្ថកិច្ចចុះមកដល់ ឃើញស្លាប់ទៅហើយ ។
ក្នុងនោះតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សពជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ី ស្លាប់ដោយសារគាំងបេះដូង សង្ស័យមកពីជំងឺបេះដូង ។
បច្ចុប្បន្នសពត្រូវបានដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំគ្រួសារមកទទួល ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS