រាជធានីភ្នំពេញ ៖ ហាងលក់ទូរស័ព្ទ ២ហាង និងផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង ត្រូវបានអគ្គិភ័យឆេះលេបត្របាក់ យ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សែងត្របាញ់ឡើងលើអាកាស អណ្តាតភ្លើងខ្ពស់ក្រហមឆ្អាល អាចមើលឃើញពីចម្ងាយ ខណៈហាងលក់ទូរសព្ទ១កន្លែងទៀត និងផ្ទះមួយខ្នងទៀត ត្រូវបានឆេះរាលដាលនិងរោល ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ផ្លូវ៣៣BT ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ អ៊ី វណ្ណដេត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជួលអេឡិចត្រូនិច ខណៈមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយអគ្គិភ័យនេះ បានឆេះផ្ទះប្រភេទសំណង់ ឈើលើថ្មក្រោម ទំហំ ១០ម៉ែត្រX១០ម៉ែត្រ ឆេះខូចខាតសម្ភារៈ ឆេះផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង ហាងលក់ទូរស័ព្ទចំនួន ០២ហាង អស់ទាំងស្រុង រួមទាំងទូរស័ព្ទ គ្រឿងសម្ភារៈទូរស័ព្ទអស់មួយចំនួនធំ ហើយរាលដាលឆេះហាងលក់ទូរស័ព្ទចំនួន ០១ហាងខូចខាតដំបូល ពិដាន និងឆេះរោលដល់ផ្ទះថ្មចំនួន ០១ខ្នង (ខូចខាតអស់១០%) តែសំណាងក្នុងហេតុការណ៍គ្មាននរណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតអ្វីនោះទេ ។
ភ្លាមៗរថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើរនឹង៧២ម៉ែត្រគូប និងមានរថយន្តជំនួយពីខាង រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងពុំបាន ប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប , រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យOCICទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ទើបរលត់ទៅវិញនៅម៉ោង ២១នឹង៥០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល ៕អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS