រាជធានីភ្នំពេញ ៖ លោកអ៊ំ ដែលទៅមើលទេរកត្រី បែរជាប្រកាច់បែកពពុះមាត់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ចំណុចខ្នងប្រឡាយ ស្ថិតក្នុងភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពរងគ្រោះមាន ឈ្មោះ ពៅ ចំរើន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដងឹថា នៅវេលាម៉ោងប្រហែល១៣នឹង២០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះមានអាការៈមិនស្រួល ហើយមានគេទំនាក់ទំនងរថយន្តសង្គ្រោះ បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ ។
តាមការបំភ្លឺពីឈ្មោះ សួស សំណាត ភេទស្រី អាយុ៥៤ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្ដីគាត់ពុំដែលទៅពេទ្យពិនិត្យសុខភាពអ្វីទេ នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ក្រោយហូបបាយរួចប្ដីគាត់បានជិះម៉ូតូចេញពីផ្ទះបាត់ លុះដល់វេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃដដែល ទើបមានមនុស្សមកប្រាប់ថាប្ដីស្លាប់បាត់ហើយ សាកសពដាក់តម្កល់នៅមន្ទីរពេទ្យបង្អែកដង្កោ ហើយគាត់ជាប្រពន្ធបានទៅជួបជាមួយសមត្ថកិច្ចមូលដ្ឋាន និងបានទៅមើលសាកសពប្ដីរបស់គាត់ ។
ក្នុងនោះ យោងតាមការពិនិត្យសាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង ។
បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS