ព័ត៌មានជាតិ

បញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅតាមបណ្តោយផ្លូវទាំងនេះ ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

18-May-2024 514 views

រាជធានីភ្នំពេញ ៖​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបដិបត្តិសមាធិ និងមហា បង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវ ការកកស្ទះចរាចរក្នុងព្រះរាជពិធីខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមទីតាំងប្រារព្ធព្រះរាជពិធី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១២:០០នាទី រហូតដល់បញ្ចប់ព្រះរាជពិធី តាមតម្រាយផ្លូវដូចខាងក្រោម៖

- បង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី

ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្តេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស

- បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន

- បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើ ដោយក្ដីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS