ព័ត៌មានជាតិ

មុខសញ្ញាលួចម៉ូតូយ៉ាងសកម្មក្នុងស្រុកគិរីវង់ ជាមួយបក្ខពួក ត្រូវសមត្ថកិច្ចបង្ក្រាបបាន

16-May-2024 373 views

ខេត្តតាកែវ ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១០: ២០នាទី លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាឲ្យលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងយុត្តិធម៌ស្រុក និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង កម្លាំងជំនាញយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ ដឹកនាំដោយលោកអនុសេនីយ៍ឯក ងួន ភ័ក្ត្រ នាយប៉ុស្តិ៍ ព្រមទាំងលោកនាយរងប៉ុស្តិ៍ និងមន្ត្រី ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច (កាច់សោរកម៉ូតូ) នៅចំណុចស្ពានមេម៉ាយ ស្ថិតក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ បានចំនួន០២នាក់រួមមានដូចខាងក្រោម៖

១,ឈ្មោះ ឈិន វាសនា (ហៅខ្នា ) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន) អ្នកកាច់កម៉ូតូ ។

២,ឈ្មោះ យឿន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បក្សពួក) ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ ស្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1D-8106 បានធ្វើសកម្មភាពកាច់សោរកម៉ូតូចំនួន០១គ្រឿង ម៉ាកYAMAHA SIRIUS R ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ ស៊ិន យន់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិស្តៅ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS