រាជធានីភ្នំពេញ ៖ យោងតាមផេកការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានឲ្យដឹងថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាល ម៉ារ៉ាតុងភ្នំពេញ ដើម្បីចូលរួម អបអរសាទរ ព្រះរាជ ពិធីបុណ្យចម្រើន ព្រះជន្មសម្តេចម៉ែ និងស្វែងរកថវិកា ជួយផ្នែកសប្បុរសធម៌ ដោយមានចំនួនអ្នកចុះឈ្មោះចូលរួម ជាង៣៦០០នាក់ ទិវានេះនឹងប្រារព្ធឡើង នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។
ឯកឧត្តម វ៉ាត់ ចំរើន បានគួសបញ្ជាក់ថា ក្នុងនាមគណៈកម្មការរៀបចំ ទិវា រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នឹងប្រឹងប្រែងរៀបចំ ឱ្យមានលក្ខណៈល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីជំរុញឱ្យទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង (Half Marathon) ២១គីឡូម៉ែត្រ ប្រែក្លាយទៅជា ម៉ារ៉ាតុង (Full Marathon) ៤២គីឡូម៉ែត្រ នាថ្ងៃខាងមុខ។
ឯកឧត្តម អគ្គលេខាធិការ NOCC បន្ថែមទៀតថា កាលពីពេលមុន NOCC បានត្រៀម លក្ខណៈប្រែក្លាយ ទិវាពាក់កណ្តាលម៉ារ៉ាតុងទៅ ម៉ារ៉ាតុង ក្នុងចន្លោះឆ្នាំ២០២៣-២០២៤ នេះដែរ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយ២-៣ឆ្នាំកន្លងទៅនេះបានរារាំងឱ្យគម្រោងផែនការ និងគុណភាពនៃការរៀបចំនេះមិនទាន់ដើរទៅដល់។ ដូច្នេះ យើងនឹងខិតខំ កសាររៀបចំ ទិវារត់ប្រណាំងអន្តរជាតិនេះ ឱ្យមានគុណភាពល្អប្រសើរ និងទទួលបាន ការវាយតម្លៃពីអង្គការ អន្តរជាតិ ដែលជាប្រព័ន្ធ អង្គការអន្តរជាតិផ្នែកកីឡា ជាពិសេស ផ្នែករត់ប្រណាំង ដោយអ្នកជំនាញអង្គការអន្តរជាតិនេះ តែងតែមកចូលរួម វាយតម្លៃជារៀងរាល់ឆ្នាំ នៅកម្ពុជាថាតើកម្ពុជាបានរៀបចំ បានត្រឹមត្រូវបានស្តង់ដា អន្តរជាតិ មានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អឬអត់ ដើម្បីទទួលបានពិន្ទុម្តង១ៗ រហូតដល់កម្ពុជានឹងអាចស្នើសុំផ្លាស់ប្តូរពី Half Marathon ទៅ Full Marathon បាននាឆ្នាំណាមួយខាងមុខ។ នេះជាការប្រឹងប្រែងរៀបចំឱ្យស្របទៅនឹងស្តង់ដាបច្ចេកទេសផង និងស្របតាមគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលផង។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ ពីរគោលបំណងទិវា រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ រួមទាំងទិវារត់ប្រណាំង អន្តរជាតិទាំងនៅកម្ពុជា គឺសំខាន់បំផុតប្រមូលថវិការួមចំណែកជួយដល់ផ្នែកសប្បុរសធម៌។ ចំពោះការចុះឈ្មោះផ្ទាល់ និងចែកស្លាកលេខសម្គាល់ខ្លួនរបស់កីឡាករ កីឡាការិនីនឹងត្រូវធ្វើឡើងនៅមុខព្រះបរមរាជវាំង រយៈពេល១សប្តាហ៍ មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយកីឡាករ កីឡាការិនីជាតិ-អន្តរជាតិមិនទាន់ចុះឈ្មោះអាចទៅចុះឈ្មោះផ្ទាល់នៅមុខព្រះបរមរាជវាំងដោយផ្ទាល់បាន»។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញបានគូស បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ចំនួនអ្នកចុះឈ្មោះ គឺមានចំនួនសរុប ៣ ៦០៥នាក់ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរមានចំនួន ៣០០២នាក់ និងបរទេស ៦០៣នាក់។ ចំពោះការចុះឈ្មោះលើវិញ្ញាសា២១ គីឡូម៉ែត្រមានចំនួន ៦២៦នាក់, ១០គីឡូម៉ែត្រ ១៦៣២នាក់, ៥គីឡូម៉ែត្រ ១១១៣ នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ មានចំនួន២៣៤នាក់។ បន្ថែមពីលើនេះ លោក សែម ផល្លា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិបន្តចុះឈ្មោះចូលរួមរត់ប្រណាំងឱ្យបានច្រើនកុះករតាមរយៈប្រព័ន្ធអនឡាញ និងការចុះឈ្មោះដោយផ្ទាល់ ដើម្បីជំរុញឱ្យទិវារត់ប្រណាំងសប្បុរសធម៌មួយនេះកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS